ក្រុមការងារ«ខ្ទមអុក» បានជួបសម្ភាសន៍ជាមួយលោក សុខ សុភាព ដែលជាអ្នកតាមដានការអភិវឌ្ឍសង្គមកម្ពុជា ពាក់ព័ន្ធនឹងការចេញផ្សាយរបាយការណ៍របស់អង្គការ Global Witness ដែលមានខ្លឹមសារដូចខាងក្រោម៖
១. បន្ទាប់ពី Global Witness បញ្ចេញរបាយការណ៍ទាក់ទងនឹងជំនួញត្រកូលហ៊ុនមក តើលោកគិតថានឹងមានរឿងអីកើតឡើង?
លោក សុខ សុភាព៖ មានស្អីទៅពិបាកយល់។ ជាទម្លាប់ គឺអ្នកដែលត្រូវគេបន្ទោស ឬ ទទួលរងនៅការវាយប្រហារ គឺច្បាស់ជារកវិធីវាយបកមកវិញជាមិនខានទេ។ អ៊ីចឹងយើងអាចទាយទុកជាមុនថា នឹងមានប្រតិកម្មពីមន្រ្តីរដ្ឋាភិបាល និងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន មិនខាន។ ហើយប្រតិកម្មយ៉ាងណានោះ ក៏យើងអាចដឹងមុនដែរថា៖ ...ជារបាយការណ៍គ្មានមូលដ្ឋាន។ ជារបាយការណ៍ដើម្បីកេងចំណេញនយោបាយឲ្យបក្សប្រឆាំង។ហើយជារបាយការណ៍ វាយប្រហារដោយសារគំនុំបុគ្គល។ល។សារធាតុជាមនុស្សបើធ្វើខុសគឺ កម្រនឹងសារភាពកំហុសណាស់ តែអាចពិចារណាកំហុសហើយកែប្រែកំហុស។ សម្រាប់របាយការណ៍នេះ... តាមយោបល់ខ្ញុំ អង្គការនេះ គួរតែផ្ញើទៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធជាមុនសិន មុននឹងចុះផ្សាយជាសារធារណៈ។នេះបើសិនជាយើង ចង់ឲ្យមានការផ្លាស់ប្តូរ ឬកែប្រែ។ហើយបន្ទាប់មកអាចធ្វើសិក្ខាសាលាថ្នាក់ជាតិ ឬអន្តរជាតិ ដោយអញ្ជើញមន្រ្តីរដ្ឋាភិបាល ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងពាណិជ្ជកម្ម ទៅចូលរួមធ្វើជាវាគ្មិន នេះបើសិនជាយើងគិតអាជីពជាលក្ខណៈស្រាវជ្រាវ។ តែខ្ញុំមើលទៅ ប្រហែលជាចៀសមិនផុតពីពាក្យ ដែលគេនិយាយថា «វាយប្រហារនយោបាយតាមលក្ខណៈបច្ចេកទេស»។
២. តើលោកគិតថា ហេតុអ្វី Global Witness ចេញផ្សាយរបាយការណ៍នេះ?
លោក សុខ សុភាព៖ តាមគំនិតខ្ញុំ មានលក្ខណៈនយោបាយច្រើនជាងបច្ចេកទេស។ ក្នុងពេលដែលគណបក្សសង្រ្គោះជាតិ កំពុងតែទទួលរងនូវការគំរាមកំហែង ស្រាប់តែអង្គការនេះ ចេញរបាយការណ៍នេះឡើង។ ទោះជារបាយការណ៍ក្នុងចេតនាបច្ចេកទេស ជួយជាយោបល់ដល់រដ្ឋាភិបាល ក៏ពិបាកនឹងដោះសារថា មិនមានចេតនានយោបាយដែរ។ ជាទូទៅ មហាជនច្បាស់ជាយល់ឃើញអ៊ីចឹង។ តែនេះមកពីគណបក្សប្រជាជន និងក្រុមគ្រួសារ នាយករដ្ឋមន្រ្តីមានចំណុចខ្សោយ និងចន្លោះប្រហោងច្រើនដែរ។ តាមទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ គឺខ្ញុំមិនសប្បាយចិត្តទេ ដែលអង្គការអន្តរជាតិមួយនេះ បញ្ចេញរបាយការណ៍ក្នុងពេលដែលប្រទេសកម្ពុជា កំពុងមានវិបត្តិនយោបាយ។ ធ្វើអ៊ីចឹងមិនខុសពីយកសាំងទៅចាក់លើភ្លើងនោះទេ។ ហើយអ្នកដែលទទួលផលប៉ះពាល់ខ្លាំង គឺប្រជាជនខ្មែរ។ ខ្ញុំពេញចិត្តរបៀបធ្វើការរបស់អង្គការអាយអរ អាយ(IRI) ក្នុងការធ្វើការស្ទង់មតិ។ ពេលចេញជាលទ្ធផលគេផ្ញើទៅគ្រប់ភាគីទាំងអស់។ ហើយ ទើបគេចេញជាសាធារណៈ។ នេះបានគេហៅថា ធ្វើការលក្ខណៈវិជ្ជាជីវៈមិនឡូកឡំ និងនយោបាយ។ តែរបៀបធ្វើការរបស់ Global Witness គឺធ្វើឲ្យភាគីដែលទទួលការចោទប្រកាន់ពិបាកទទួល។ ហើយ វាប៉ះពាល់ដល់ការស្វះស្វែងរកការចរចារវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជន។
៣. តើលោកគិតថា សែស្រឡាយជំនួញនេះ នឹងមានផលប៉ះពាល់អ្វីខ្លះ ដល់សេដ្ឋកិច្ចរបស់ខ្មែរ?
លោក សុខ សុភាព៖ មានរឿងល្អ និងរឿងអាក្រក់។ យើងនិយាយរឿងល្អមុន។ ថ្វីត្បិតតែ មានឪពុកជានាយករដ្ឋមន្រ្តី កូនៗក៏ជាប្រជាជនខ្មែរម្នាក់ដែរ គឺមានសិទ្ធិបើកជំនួញជួញដូរធម្មតា ដូចគេដូចឯង។ អត់មានច្បាប់ណាហាមកូននាយករដ្ឋមន្រ្តីមិនឲ្យរកស៊ីទេ ឲ្យតែរកស៊ីស្របច្បាប់ បង់ពន្ធត្រឹមត្រូវតាមច្បាប់។ នៅស្រុកណាក៏មាន កូនអ្នកធំ អ្នកដឹកនាំប្រទេសរកស៊ីបើកក្រុមហ៊ុនធំៗ គ្រប់គ្រងវិស័យសំខាន់ៗអ៊ីចឹងដែរ។ គ្រាន់តែថាប្រទេសគេអំណាចតុលាការ គឺអំណាចមានឯករាជ្យជាងតុលាការនៅស្រុកខ្មែរ។ ការអនុវត្តច្បាប់នៅស្រុកគេមានប្រសិទ្ធភាពជាង មិនរើសដូចនៅស្រុកខ្មែរ។អ៊ីចឹងពេលមានរឿងក្តីក្តាំរវាងអ្នករកស៊ី និងអ្នករកស៊ី គេអាចប្តឹងផ្តល់គ្នា នៅចំពោះមុខច្បាប់។ នៅស្រុកខ្មែរមិនអ៊ីចឹងទេ។ បើក្រុមគ្រួសារត្រកូលហ៊ុនប្តឹងនរណាហើយ បើតុលាការហ៊ានឲ្យចាញ់ គឺមិនមែនហៅថាតុលាការស្រុកខ្មែរទេ។ បើទើសទាល់ពេក គឺច្បាស់ជាសុំអនុសាសន៍របស់សម្តេចដើម្បីចាត់ការតាមផ្លូវច្បាប់ ឬអត់? បើសម្តេចថា ហ៊ឺក!បានតុលាការ ផាយតាមក្រោយ។ និយាយពីរឿងអាក្រក់វិញ៖ ខ្ញុំសុំលើកជាឧទាហរណ៍ជាក់ស្តែង នៅក្នុងរបាយការណ៍នោះ និយាយថា កូនបីនាក់របស់សម្តេចនាយករដ្ឋមន្រ្តីរកស៊ីខាងប្រេង។ទាំងនេះធ្វើឲ្យមានទំនាស់ ផលប្រយោជន៍។ ទោះចង់មិនចង់គឺនាំឲ្យមតិមហាជនដាក់ការសង្ស័យដល់ភាពមិនប្រក្រតី ក្នុងការនាំប្រេងចូលតាមស្តង់ដារតម្លាភាព។ ឧបមាថា ក្រសួងមួយត្រូវការអ្នកផ្គត់ផ្គង់ប្រេង។ ហើយក្រុមហ៊ុនរបស់កូនសម្តេចនាយករដ្ឋមន្រ្តីទៅដាក់ដេញថ្លៃដែរ។ តើមានរដ្ឋមន្រ្តីណា ហ៊ានមិនឲ្យក្រុមហ៊ុនរបស់កូនសម្តេចឈ្នះ? មិនមែនមានន័យថា កូនសម្តេចប្រើអំណាចឪពុក ទៅដាក់គំនាបលើរដ្ឋមន្រ្តីទាំងនោះទេ តែជាស្វ័យប្រវត្តិ កូនចៀមមិនហ៊ានស៊ីសាច់ខ្លាទេ។ មិនមែនខ្លាចទេ តែមិនហ៊ានតែម្តង។ នេះហៅថា ទំនាស់ផលប្រយោជន៍។ ឥទ្ធិពលរបស់ឪពុក ដែលមានអំណាចជានាយករដ្ឋមន្រ្តី មានឥទ្ធិពលដល់ការសម្រេចចិត្តរបស់រដ្ឋមន្រ្តី។
ជារួមផលប៉ះពាល់មានច្រើនជាងផលចំណេញ ក្នុងរបបសេដ្ឋកិច្ចបក្សពួកគ្រួសារនិយម។ អ្នកដែលមានផលចំណេញ គឺមានតែក្រុមគ្រួសារសែស្រឡាយអ្នកធំប៉ុណ្ណោះ។ឯពលរដ្ឋភាគច្រើន នៅតែទទួលរងផលប៉ះពាល់ដដែល។ ឧ. ចង់ទម្លាក់ថ្លៃសាំងមកត្រឹមតម្លៃទីផ្សារពិភពលោក។ បើកូនសម្តេចថាទម្លាក់មិនបាន គឺមិនបានឡើយ។ ហើយអ្នកចំណេញគឺក្រុមគ្រួសារសាច់ញាតិ របស់សម្តេច។ ហើយប្រជាពលរដ្ឋ ចេះតែរស់នៅទ្រាំជាមួយនឹងតម្លៃថ្លៃសាំងខ្ពស់ជាងទីផ្សារអ៊ីចឹងទៅ។ របបសេដ្ឋកិច្ចបែបនេះ មិនខុសពីរបបសេដ្ឋកិច្ចកំណត់ថ្លៃដោយរដ្ឋទេ បើក្រុមហ៊ុនសែស្រឡាយអ្នកធំ ជាអ្នករកស៊ីផ្តាច់មុខកាន់កាប់ទីផ្សារតែឯងនោះ។ យកល្អ... រកស៊ីក៏រកទៅ គ្រាន់តែថា សែស្រឡាយអ្នកធំ ត្រូវមានច្បាប់ពិសេសឲ្យតឹងរ៉ឹងជាងអ្នកជំនួញ ដែលមិនជាប់សែស្រឡាយអ្នកធំ។ ដូចជា មិនត្រូវរកស៊ីពហុជំនួញលើវិស័យធំៗរបស់ជាតិជាដើម។
៤) តើលោកគិតថា ក្រុមគ្រួសារលោក ហ៊ុន សែនគួរតែធ្វើយ៉ាងម៉េចវិញ?
លោកសុខ សុភាព៖ ខ្ញុំគិតថាគួរតែយកពាក្យខ្មែរមួយមកពិចារណា។ មាសសុទ្ធមិនខ្លាចភ្លើង។ មិនថាតែក្រុមគ្រួសារសម្តេចហ៊ុន សែន ទេ សូម្បីឧកញ៉ា និងរដ្ឋមន្រ្តីជាន់ខ្ពស់នានា ក៏ត្រូវតែជាប់ពាក់ព័ន្ធដែរ។មានតែពាក្យថា«តម្លាភាព»ទេ ដែលអាចយកមកជួសជុលកិត្តិយស សែស្រឡាយមន្រ្តីជាន់ខ្ពស់បាន។ តម្លាភាពដូចជា៖ តើមានក្រុមហ៊ុនប៉ុន្មាន?ទ្រព្យសម្បត្តិប៉ុន្មាន? ចំណេញប៉ុន្មាន? បង់ពន្ធជូនរដ្ឋប៉ុន្មាន? ព័ត៌មានទាំងអស់នេះ គួរតែដាក់ផ្សាយជាសារធារណៈ។ ឯតាមក្រសួងនានាពេលមានគម្រោងអ្វីមួយ បើមានក្រុមហ៊ុនកូនសម្តេចចូលដេញថ្លៃដែរ ត្រូវតែ ធ្វើដោយតម្លាភាព និងផ្សាយជាសាធារណៈ។ មានពាក្យគេនិយាយថា៖ របស់បី ដែលមិនអាចលាក់ជិត គឺព្រះអាទិត្យ ព្រះចន្រ្ទ និងការពិត។ បើទោះជាប្រឹងបិទបាំងក្នុងពេលដែលខ្លួនមានអំណាច ក៏គង់មានថ្ងៃណាមួយ បែកធ្លាយដែរ។ បើយើងមិននិយាយ គង់មានថ្ងៃណាមួយ មានអ្នកនិយាយជំនួសយើងដែរ។ តែរឿងតម្លាភាពនេះ... មិនថាប្រទេសណាក៏ដូចប្រទេសណា... អ្នកណាក៏ដូចអ្នកណា មិនចង់ធ្វើទេ។ ព្រោះតម្លាភាពធ្វើឲ្យចាញ់ប្រៀប។ ដូចពាក្យក្មេងៗច្រៀងលេងថា៖ ទាន់នៅស៊ីបាន... ចេះតែស៊ីទៅ។ តែចំពោះប្រជារាស្រ្តខ្មែរសព្វថ្ងៃម្ត៉េចនឹងបណ្តោយឲ្យស៊ីងាយៗទៅនោះ? ដូចចម្រៀង ច្រៀងថា៖ ទាល់តែយូរ បានស៊ីបាន។ ជាពិសេស នៅស្រុកខ្មែរ... បើនិយាយពីតម្លាភាព ទៅសុំភ្លើងពីយក្ស បែបស្រួលជាង។
៥) តើលោកយល់យ៉ាងណាចំពោះការឆ្លើយតបរបស់កូនៗរបស់លោកនាយករដ្ឋមន្រ្តី ដែលថារបាយការណ៍នេះមានការវាយប្រហារជាសញ្ជាតិនយោបាយ?
លោក សុខ សុភាព៖ ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយទេទាក់ទងនឹងប្រតិកម្មរបស់កូនលោកនាយករដ្ឋមន្រ្តី។ តែតាមលក្ខណៈនយោបាយ ខ្ញុំយល់ថា ពួកគាត់និយាយត្រូវ។ ការបញ្ចេញរបាយការណ៍ ក្នុងពេលដែលកម្ពុជារំកិលទៅជិតបោះឆ្នោត គឺមានចេតនានយោបាយ។ គ្រាន់តែថា របៀបដែលពួកគាត់ប្រតិកម្មនោះត្រង់ៗពេក ធ្វើឲ្យមហាជនយល់ឃើញថា ពួកគាត់មានខ្លួន។ ដូចខ្ញុំនិយាយខាងដើម បើអង្គការនេះ មិនមានចេតនានយោបាយ គួរតែធ្វើការសិក្សាស្រាវជ្រាវឲ្យបានល្អិតល្អន់ ហើយធ្វើសិក្ខាសាលាអញ្ជើញវាគ្មិនពីរដ្ឋាភិបាល ទៅបកស្រាយ ជាជាងចេញរបាយការណ៍យ៉ាងទាន់ហន់បែបនេះ។ តែនេះក៏មកពីក្រុមគ្រួសាររបស់លោក នាយករដ្ឋមន្រ្តី មានចំនុចអវិជ្ជមានច្រើនដែរ។ អ៊ីចឹងទោះរបាយការណ៍នោះ ជាលក្ខណៈបច្ចេកទេសសុទ្ធ ក៏ចៀសមិនរួចពីការវាយប្រហារបែបនយោបាយដែរ។
៦) បើលោកជាកូនលោកនាយករដ្ឋមន្រ្តី តើការប្រកែកថារបាយការណ៍នេះមិនពិតនឹងអាចដោះស្រាយអ្វីខ្លះ ចំពោះមតិមហាជន ដែលគិតចំពោះក្រុមគ្រួសារនាយករដ្ឋមន្ត្រី?
លោកសុខ សុភាព៖ តាមខ្ញុំយល់គាត់មិននិយាយល្អជាង។ គាត់គួរតែឲ្យក្រុមការងារបច្ចេកទេស សិក្សាពីរបាយណ៍នោះតាមលក្ខណៈបច្ចេកទេស ហើយបកស្រាយម្តង១ចំនុចៗជាជាងចេញប្រតិកម្មរួម។ បើសិនជាខ្ញុំវិញ ខ្ញុំសិក្សាពីចំណុចខ្សោយឲ្យបានច្រើន (មិនមែនចំនុចខ្សោយរបស់បុគ្គលទេ) ហើយ រៀបចំជារបាយការណ៍បច្ចេកទេសវាយបកត្រលប់វិញ។ ហើយរបាយការណ៍នោះ គឺនិយាយបែបលក្ខណៈបច្ចេកទេសុទ្ធសាធ។ ធ្វើអ៊ីចឹងមិនត្រឹមតែការពារកេរ្តិ៍ឈ្មោះទេ ថែមទាំងបង្ហាញភាពឆ្លាតវៃនៃការឆ្លើយតបទៀតផង។ រដ្ឋាភិបាលគួរតែបង្កើតគណៈកម្មការពិសេសមួយ ដើម្បីសិក្សាពីរបាយការណ៍នេះ រួចចេញជារបាយការណ៍របស់ខ្លួនដើម្បីជាការឆ្លើយតប (តាមបែបបច្ចេកទេស វិទ្យសាស្រ្តដោយមានអំណះអំណាងត្រឹមត្រូវ) ជាការបំភ្លឺមតិសាធារណៈជនវិញ។
៧) តើលោកឃើញចំណុចខ្វះខាត អ្វីខ្លះនៅក្នុងរបាយការណ៏នោះ?
លោក សុខ សុភាព៖ ដើម្បីវាយតម្លៃរបាយការណ៍ជាទូទៅ ទី១៖ ត្រូវពិនិត្យមើលរបៀបស្រង់ព័ត៌មាន ដែលភាសាអង់គ្លេស ហៅថា Research Methodology ។ ក្នុងរបាយការណ៍នេះ នៅត្រង់ឧបសម្ព័ន្ធទី២ គេនិយាយអំពីរបៀបស្រាវជ្រាវ ឬរបៀបស្រង់ព័ត៌មាន។ ខ្ញុំឃើញមានលក្ខណៈមិនគ្រប់គ្រាន់ ពីរបៀបស្រាវជ្រាវស្រង់ព័ត៌មាននេះ។ អង្គការនេះ ធ្វើការAccess ផ្ទាល់ទៅគេហទំព័រ របស់ក្រសួងពាណិជ្ជកម្មតែមួយមុខ។ ខ្ញុំគិតថា មិនគ្រប់គ្រាន់ទេ ព្រោះទិន្ន័យភាគច្រើនមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយ។ អ៊ីចឹងងអាចមានព័ត៌មានមិនគ្រប់គ្រាន់ទេ។ និយាយឲ្យចំ ទោះបីជាព័ត៌មានផ្លូវការ ប៉ុន្តែប្រមូលព័ត៌មានបានតែមួយប្រភព អ៊ីចឹងលទ្ធភាពលម្អៀងមានកម្រិតច្រើនជាង។ ទី២៖ បើយើងមើលពីជ្រុងជ្រោយនយោបាយវិញ របាយការណ៍នេះមានចរឹតនយោបាយ គឺវាយប្រហាររដ្ឋាភិបាលច្រើនជាងត្រកូលហ៊ុន និងច្រើនជាងរបាយការណ៍ដើម្បីឲ្យរដ្ឋាភិបាលកែតម្រូវ។ គាត់ដកស្រង់យកតែក្រុមហ៊ុនទាក់ទងនឹង ខាងបក្សប្រជាជន។ ខ្ញុំជឿថាមានក្រុមហ៊ុន ១ចំនួនក៏មានទំនាក់ទំនងនឹងបក្សប្រឆាំង និងមានក្រុមហ៊ុន ដែលមានអ្នកវិនិយោគឯករាជ្យ មិនចំណុះនយោបាយដែរ។ គាត់គួរតែស្រង់យកមកទាំងអស់ ដើម្បីធ្វើជាការប្រៀបធៀបឲ្យបានត្រឹមត្រូវ។ ទី៣៖ គាត់គួរតែសហការជាមួយអង្គការក្នុងស្រុកដើម្បី សិក្សាពីផលប៉ះពាល់នៃអ្នកជំនួញ របស់ក្រុមគ្រួសារនាយករដ្ឋមន្រ្តី ជាជាងការវាយប្រហារ តាមលក្ខណៈនយោបាយ។ ឧ. ក្រុមហ៊ុនទឹកសុទ្ធរបស់កូនស្រីសម្តេច ហ៊ុន សែន។ តើមានការបង់ពន្ធត្រឹមត្រូវឬអត់? តើមានការដេញថ្លៃផ្គត់ផ្គង់ត្រឹមត្រូវ ឬអត់?តើគុណភាព អាចធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ឬអត់? កន្លែងហ្នឹងគួរតែសិក្សាឲ្យច្បាស់។ បើថា យើងអត់មានស្នាក់ការនៅក្នុងស្រុកទេ យើងអាចសហការជាមួយអង្គការជាដៃគូនៅក្នុងស្រុកបាន។ ខ្ញុំឃើញ គាត់ចេញរបាយការណ៍ឆ្កុយតែម្នាក់គាត់ទៅ អត់មានអង្គការនៅក្នុងស្រុកណាមួយដឹងទាល់សោះ។ ខ្ញុំគិតថា លើកក្រោយគាត់គួរតែសហការជាមួយអង្គការឯករាជ្យក្នុងស្រុកដើម្បីស្រង់ព័ត៌មានឲ្យបានស៊ីជម្រៅ ហើយការវាយតម្លៃត្រូវឈរលើមូលដ្ឋានបច្ចេកទេសវិជ្ជាជីវៈ ច្រើនជាងបម្រើផលប្រយោជន៍នយោបាយ។
៨) តើវិធានការ និងយុទ្ធសាស្រ្តណាខ្លះ ដែលជួយការពារកុំឲ្យមានការទាក់ទងទៅនឹងប្រយោជន៍គ្រួសារ ឬបក្សពួកនិយមសម្រាប់និន្នាការបច្ចុប្បន្ន?
លោក សុខ សុភាព៖ រឿងបក្សពួក គ្រួសារនិយមនេះ មិនមែនមានតែស្រុកខ្មែរទេ ស្រុកណាក៏មានដែរ។ តែនៅស្រុកគេ ឧ. ដូចជានៅថៃជាដើម។ ពេលដែលលោក ថាក់ស៊ីន កាន់អំណាចក្រុមហ៊ុនធំៗជាច្រើន ជារបស់សែស្រឡាយគាត់មានទាំងធនាគារ ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនអចលនទ្រព្យ ជាដើម។ មកដល់ដំណាក់កាលនេះ សម្រាប់ស្ថានភាពកម្ពុជា កុំនិយាយរឿងការពារ។ ទឹកវាបាក់ទំនប់ទៅហើយ ចង់ទប់ក៏ទប់មិនជាប់ដែរ។ បើយើងនិយាយពីការការពារ យើងត្រូវនិយាយពី ករណីបើសិនជាមានអ្នកកាន់អំណាចថ្មី។ ខ្ញុំមើលទៅ ក៏មិនខុសគ្នាដែរ ឧទាហរណ៍ បើសិនជាគណបក្សសង្រ្គោះជាតិជាប់ឆ្នោត។ ឲ្យតែកាន់អំណាចយូរ អត់មានអាណត្តិដឹងតែ មានបក្សពួកនិយមហើយ។ យើងគួរយកគំរូនៅអាមេរិក។ ដោយសារតែអំណាចប្រធានាធិបតី មានតែ២អាណត្តិ។ អ៊ីចឹកចង់សាងបក្សពួកនិយម ក៏ត្រូវគិតដល់ពេល ដែលផុតពីអាណត្តិកាន់អំណាចដែរ។ ដូច្នេះខ្ញុំនិយាយថា ទី១ ត្រូវធ្វើម្ត៉េច អ្នកកាន់អំណាចត្រូវតែមានកំណត់អាណត្តិច្បាស់លាស់។ ឧទាហរណ៍ ១០ឆ្នាំជាដើម។ ទី២ គឺការចូលរួមរបស់ប្រជារាស្រ្ត។ បើប្រជារាស្រ្ត ធ្វើមិនដឹងមិនឮ ចេះតែហៃអើៗទៅ អ៊ីចឹងអ្នកនយោបាយ គឺគេដូរពីឪពុកទៅកូន។ អ៊ីចឹងអំណាចសន្តិវង្សនៅតែមានដដែល។ ឧទាហរណ៍ ផុតពីលោក នាយករដ្ឋមន្រ្តីហ៊ុន សែនទៅគឺគេប្តូរទៅកូននាយករដ្ឋមន្រ្តី។ អ៊ីចឹងនៅតែត្រកូលហ៊ុនដដែល។ ប្រជាពលរដ្ឋគួរតែឆ្លាត និងចេះដឹងរឿងនេះឲ្យច្បាស់បន្តិច។ ឧ. ២អាណត្តិឲ្យបក្សប្រឆាំង ២អាណត្តិ ឲ្យទៅបក្សកាន់អំណាច។ ធ្វើអ៊ីចឹងទោះចង់ ឬមិនចង់ក៏អ្នករកស៊ីត្រូវតែគោរពច្បាប់ ដើម្បីរកស៊ីបានយូរអង្វែង។ នេះបើយើងនិយាយតាមលក្ខណៈនយោបាយ។ បើយើងនិយាយលក្ខណៈបច្ចេកទេសវិញ ឲ្យតែយើងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ គឺគ្មានអីដែលត្រូវបារម្ភនោះទេ។ ច្បាប់ប្រទេសណាក៏ដូចប្រទេសណាដែរ។ ឲ្យតែអ្នកណាឡើងកាន់អំណាច ការអនុវត្តច្បាប់ គឺ រេទៅតាមចរន្តនយោបាយអ្នកនោះគ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។
៩) លោកអាចវាស់វែងបានទេថាប្រទេសកម្ពុជា ត្រូវការពេលប៉ុន្មានឆ្នាំទៀតទៀត ទើបអាចលុបបំបាត់គ្រួសារនិយម ក្នុងវិស័យពាណិជ្ជកម្ម?
លោកសុខ សុភាព៖ សុំទោសកន្លែងនេះ ខ្ញុំមិនអាចឆ្លើយបានទេ ព្រោះសំណួរមានលក្ខណៈវិទ្យាសាស្រ្តពិត តម្រូវឲ្យមានការសិក្សាស្រាវជ្រាវឲ្យច្បាស់លាស់ជាមុន។ តែខ្ញុំគិតថា តាមចរន្តនយោបាយសព្វថ្ងៃ បើលទ្ធផលនៃការបោះឆ្នោត ២០១៨ មានការប្រែប្រួល ពីបក្សកាន់អំណាច ទៅបក្សប្រឆាំង អ៊ីចឹង បក្សពួកនិយមសម័យឥឡូវនេះ នឹងជួបឧបសគ្គ ហើយបក្សពួកនិយមក្នុងវិស័យពាណិជ្ជកម្ម ខ្សែគណបក្សសង្រ្គោះជាតិ នឹងចាប់ផ្តើមកកើតឡើង។អ៊ីចឹងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ក្នុងវិស័យធំៗ នឹងអាចមានហានិភ័យខ្ពស់ ដោយសារមានការផ្លាស់ប្តូរទៅតាមក្បាលម៉ាស៊ីនដឹកនាំនយោបាយប្រទេស។ តែបើសិនជាគណបក្សប្រជាជននៅតែកាន់អំណាច ខ្ញុំមិនមានជំនឿថាអាចកាត់បន្ថយបានទេ មានតែបន្ថែម។ កាលពីជាង១០ឆ្នាំមុន មានតែលោកនាយករដ្ឋមន្រ្តីនិង អ្នកជំនិតទេ ដែលរកស៊ី។ ឥឡូវ មានកូននាយករដ្ឋមន្រ្តីទៀត។ ១០ ឬ២០ឆ្នាំក្រោយ នឹងមានចៅនាយករដ្ឋមន្រ្តីទៀត អត់មានថមថយវិញទេ។
១០) តាមស្ថានការណ៍បច្ចុប្បន្នទាំងថ្នាក់តំបន់ និងថ្នាក់ជាតិ លោកគិតថារបាយការណ៍នេះបានផ្តល់ផលប្រយោជន៍អីខ្លះដល់ប្រជាជនកម្ពុជា?
លោកសុខ សុភាព៖ បើនិយាយពីផលប្រយោជន៍ ក្រៅពីទទួលព័ត៌មានពីអ្នកនៅពីក្រោយ នៃការគ្រប់គ្រងសេដ្ឋកិច្ចខ្មែរ ខ្ញុំមើលមិនឃើញថាមានប្រយោជន៍អីនោះទេ។ តែផ្ទុយទៅវិញ ធ្វើឲ្យអ្នករកស៊ីធំៗ មកពីបរទេសគេខ្លាចរអាទៅវិញទេ ដែលនេះជាការខាតបង់ដ៏ធំមួយ។ បើតាមរបាយការណ៍នេះ បើចង់មករកស៊ីស្រុកខ្មែរ ទាល់តែទាក់ទងសែស្រឡាយក្រុមគ្រួសារលោក នាយករដ្ឋមន្រ្តី ទើបរកស៊ីបានដោយរលូន។អ៊ីចឹងការរកស៊ីក្នុងស្រុកខ្មែរ ចៀសមិនរួចពីការជាប់ពាក់ព័ន្ធជាមួយនយោបាយទេ។ ហើយធ្វើឲ្យអ្នករកស៊ីសុច្ចរិតផ្សេងៗ ពិបាកនឹងសម្រេចចិត្ត ចូលមករកស៊ីស្រុកខ្មែរ ព្រោះគេគិតថា «ចុះបើលោកនាយករដ្ឋមន្រ្តីផុតពីអំណាចទៅ? តើការរកស៊ីរបស់គេនឹងទៅជាយ៉ាងណា?»។
១១) តើលោកមានអីបន្ថែមទេជុំវិញរបាយការណ៍នេះ?
លោក សុខ សុភាព៖ បើយើងមើលពីជ្រុងល្អ គឺថាជារបាយការណ៍នេះពិតជាល្អ ដែលអាចឲ្យពលរដ្ឋខ្មែរដឹងពីអ្វីដែលនៅពីក្រោយនៃចរន្តសេដ្ឋកិច្ចរបស់ខ្មែរ។ របាយការណ៍នេះទោះតិច ឬច្រើន នឹងប៉ះពាល់ដល់ការសម្រេចចិត្តរបស់ពលរដ្ឋខ្មែរ ក្នុងពេលបោះឆ្នោតខាងមុខ។ ហើយ សម្រាប់លោកនាយករដ្ឋមន្រ្តីក៏ជារឿងល្អដែរ។ ល្អត្រង់ថា លោកអាចដឹងព័ត៌មានលម្អិត ពីមតិសាធារណៈជន ទាក់ទងនឹងជំនួញក្រុមគ្រួសាររបស់លោក ដើម្បីរៀបចំយុទ្ធសាស្រ្ត ក្នុងការបោះឆ្នោតនាពេលខាង មុខ។ រឿងអាក្រក់ និងជារឿងដែលគួរឲ្យព្រួយបារម្ភនោះ គឺថាប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចជាតិទាំងមូលត្រូវធ្លាក់ទៅលើដៃក្រុមគ្រួសារលោកនាយករដ្ឋមន្រ្តី ដែលមានហានិភ័យខ្ពស់បំផុត បើសិនជាគណបក្សប្រជាជនទទួលបរាជ័យ ក្នុងការបោះឆ្នោតនាពេលខាងមុខ។ ខ្ញុំយល់ថា៖ អ្នកនយោបាយដឹកនាំប្រទេសជំនាន់ក្រោយ គួរតែគិតធ្វើយ៉ាងណាឲ្យចរន្តសេដ្ឋកិច្ចដើរទៅមុខ កុំឲ្យពឹងផ្អែកលើចរន្តនយោបាយ។ ត្រូវចៀសវាងឲ្យបាននូវពាក្យថា៖ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។ ហើយគណបក្សសង្រ្គោះជាតិទៀតសោត បើចង់ឈ្នះឆ្នោត និងឈ្នះទាំងចិត្តអ្នកជំនួញ ត្រូវតែធ្វើយ៉ាងណា ឲ្យប្រាកដថាពួកគេមានជំនឿថា ពួកគេនៅតែអាចរកស៊ីបានដោយមិនបានផលរមាស់អី ទោះជាអ្នកនោះជាកូនលោកនាយករដ្ឋមន្រ្តីមុនក៏ដោយ។ បើមិនអ៊ីចឹងទេ គឺមិនខុសពី ចាក់សាំងដុតកណ្តុរនៅក្នុងផ្ទះទេ។ ចុងបញ្ចប់ផ្ទះទាំងមូលនឹងត្រូវឆេះ។